ក្រុម​​វេជ្ជបណ្ឌិត​​រក​ឃើញ​​តម្រុយ​​ ជំងឺ​អាថ៌កំបាំង​សម្លាប់​កុមារ​ខ្មែរ


ក្រសួងសុខាភិបាល​នឹង​ប្រកាស​ អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​សម្លាប់​ក្មេង​ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុម​វេជ្ជបណ្ឌិត​ដែល​ដឹកនាំ​ដោយ ក្រសួងសុខាភិបាល​កំពុង​ធ្វើតេស្ត​រក​ប្រភព​ជំងឺ​ដែល​បានធ្វើអោយ​កុមារ​ខ្មែរ ​ចំនួន​ស្លាប់៦០នាក់​ក្នុង​រយៈ៣ខែ​កន្លងមកនេះ។



លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ ប្រាប់អោយដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រសួងសុខាភិបាល ​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗខាងមុខ នេះ លទ្ធផល នៃ​ការអង្កេត​រក​អត្តសញ្ញាណ ​ជំងឺ​អាថ៌កំបាំង ​ដែល​បានសម្លាប់​កុមារ​ ចំនួន៦០នាក់។ មន្ត្រី​សុខាភិបាល​រូបនេះ ​បាន​បញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត​ដែល​កំពុង​ស្រាវជ្រាវ​ ស្វែងរក​អត្តសញ្ញាណ ​ជំងឺ​ អាថ៌កំបាំង​នេះ​បាន​រកឃើញ​តម្រុយ ​ជំងឺ​នេះហើយ ​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​ អត្ថាធិប្បាយ​លម្អិត​ទេ។

ព្រម​ពេល​ជាមួយគ្នា លោក លី សូ​វ៉ាន់ បាន​អំពាវនាវ​អោយ​អាណាព្យាបាល​យក​កុមារ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​នៅពេលដែល​ កុមារ​មាន​សញ្ញា​ពិបាក​រក​ដង្ហើម។ លោក​បាន​បញ្ជាក់ថា៖«សូមកុំ​ប្រើប្រាស់​ ថ្នាំ​ខុស​វេជ្ជបញ្ជា»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក WHO ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៦កក្កដា ក្រុមគ្រូពេទ្យ​បាន​រកឃើញ​ករណី​ជំងឺ​អាថ៌កំបាំង​នៅលើ​កុមារ​រហូត​ដល់​៧៤នាក់ បើ​គិត​ចាប់ពី​ខែមេសា​រហូតដល់​ថ្ងៃ៥កក្កដា។ ប៉ុន្តែ​ក្នុងចំណោម​ករណី​ទាំងនោះ ៦១ករណី​បាន​ស្លាប់​ក្រោយពី​ត្រូវ​នាំមក​ដល់​មន្ទីរពេទ្យ (គន្ធ​បុ​ប្ជា​សៀមរាប និង​ភ្នំពេញ)។ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា លោក Beat Richner បាន​ថ្លែងប្រាប់​ទូរទស្សន៍​CNNកាលពីពេល​ថ្មី​នេះ​ថា៖«កុមារ​ទាំងនោះ ភាគច្រើន​ត្រូវបាន​នាំ​មកដល់​មន្ទីរពេទ្យ​យើង​នៅ​នាទីចុងក្រោយ។ ពួកគេ​ស្លាប់ ដោយសារតែ​សួត​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ»។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បានសរសេរថា ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ក្រសួង សុខាភិបាល​​​​ កំពុង​ស្វែងរក​មូលហេតុ នៃ​ជំងឺ​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​ថា​ឪពុកម្តាយ​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ​របស់កូនៗរបស់ ​ពួកគេ។

យោងតាម​សេចក្តីប្រកាស ​ព័ត៌មាន​របស់ WHO ភាគច្រើន​នៃ​កុមារ​ ដែលមាន​ជំងឺ​ទាំងនោះ ពួកគេ​មាន​អាកា​រៈ​ដូចគ្នា​ដូចជា ក្តៅខ្លួន មាន​បញ្ហា​ផ្លូវដង្ហើម និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ ដែល​អាកា​រៈទាំង​នេះ គឺជា​គោលដៅ​នៃ​ការវិភាគ​ រោគវិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ។ បើតាម​លោក​វេជ្ជបណ្ឌិត Beat Richner ខួរក្បាល​របស់​កុមារ​ទាំងនោះ​ មាន​សញ្ញា​រលាក។ ភាគច្រើន​នៃ​កុមារ​ ដែលមាន​ជំងឺ​នេះ មាន​អាយុ​ក្រោម៣ឆ្នាំ។






ប្រភព៖ ថ្មីៗ 


 

Related Posts Plugin for WordPress, Blogger...