ភ្នំពេញ៖ ខួប គម្រប់៤ឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក (៧កក្កដា ២០០៨- ៧ កក្កដា ២០១២ ) មិនត្រូវបានប្រារព្ធធ្វើទេនៅថ្ងៃនេះ ដោយសារតែគណៈកម្មាធិការ ជាតិបេតិកភណ្ឌពិភពលោក ជាប់រវល់។ ពិធីនេះនឹងត្រូវលើក ទៅធ្វើនៅថ្ងៃទី ១៨កក្កដាខាងមុខវិញ។
ថ្ងៃទី៧កក្កដានេះ ដែលជាថ្ងៃគម្រប់ខួបទី៤ឆ្នាំ នៃការចុះ ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគ្មានកម្មវិធីអ្វី ទាំងអស់។ លោក ហង់ សុទ្ធ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឲ្យដឹងថា ការខកខានមិនបានប្រារព្ធពិធីនៅថ្ងៃនេះ គឺបណ្តាលមកពី ថ្នាក់ដឹកនាំរបស់ គណៈកម្មាធិការជាតិ បេតិកភណ្ឌពិភពលោក ជាប់ រវល់ការងារ។ យ៉ាងណា ក៏ដោយ ពិធីនេះនឹងមិនត្រូវបានលុបចោលទេ ដោយគ្រាន់តែលើកពេល ប៉ុណ្ណោះគឺ លើកពេលទៅធ្វើនៅថ្ងៃទី១៨ កក្កដា ខាងមុខនេះវិញ។
ប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់ អង្គការយូណេស្កូកាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ ។ ការចុះបញ្ជីប្រាសាទព្រះវិហារ ដែលមានប្រទេសកម្ពុជា ជាម្ចាស់កម្មសិទ្ធិ បានធ្វើឲ្យរដ្ឋាភិបាលថៃ ខឹងសម្បារ និងបានបង្កហេតុ រហូតដល់ផ្ទុះសង្គ្រាម នៅតាមជាយដែន មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី ១៥ កក្កដាឆ្នាំ ២០០៨ ដដែល។
ជម្លោះតានតឹងស្តីពីប្រាសាទព្រះវិហារបាន បង្ខំឲ្យកម្ពុជា ដាក់ពាក្យ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដោយសុំឲ្យតុលាការនេះ ចាត់វិធានការ បន្ទាន់ដើម្បីការពារ ប្រាសាទចេញពីគ្រោះថ្នាក់។ កម្ពុជាក៏សុំឲ្យតុលាការ ក្រុងឡាអេបកស្រាយ ឡើងវិញនូវសាលក្រម ឆ្នាំ១៩៦២ ដែលតុលាការនេះ បានកាត់ក្តីឲ្យកម្ពុជា ឈ្នះភាគីថៃផងដែរ។ តុលាការយុត្តិធម៌ អន្តរជាតិ ក៏បានចេញសាលដីកាកាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០១១ ដោយតម្រូវឲ្យភាគីទាំងពីរ ដកទ័ពចេញពី តំបន់មានជម្លោះ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ថៃនៅតែមិនព្រម ដកទ័ពដដែល បើទោះបីជាថៃប្តូររដ្ឋាភិបាលថ្មី ក៏ដោយ៕
ប្រភព៖ ថ្មីៗ















