ភ្នំពេញ៖ ទីភ្នាក់ងារ ឱសថអាមេរិក FDA បានអនុញ្ញាតឲ្យមាន ការដាក់លក់ដោយសេរី ជាលើកដំបូង នូវឧបករណ៍ធ្វើតេស្តរកជំងឺអេដស៍ ដោយខ្លួនឯង ដោយមិនចាំបាច់មាន ការត្រួតពិនិត្យពីវេជ្ជបណ្ឌិត។
ជាលើកដំបូងហើយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារឱសថអាមេរិក FDA បានអនុញ្ញាតឲ្យដាក់លក់ឧបករណ៍ធ្វើតេស្តរកជំងឺអេដស៍ដោយខ្លួនឯងដោយ មិនចាំបាច់មានការត្រូតពិនិត្យ ពីវេជ្ជបណ្ឌិត។ ការអនុញ្ញាតឲ្យដាក់លក់នេះ ត្រូវបានធ្វើឡើងក្រោយពីមាន ការស្នើសុំ ពីគណៈកម្មាធិការប្រឹក្សាដែលមានសមាជិកជំនាញ ១៧ រូប បានស្នើឲ្យដាក់លក់ នៅទីផ្សារកាលពីថ្ងៃទី ១៥ ឧសភាកន្លងទៅ។ ឧបករណ៍ធ្វើតេស្ត នោះមានឈ្មោះថា OraQuick In-Home HIV ដែលផលិតដោយ មន្ទីរពិសោធន៍ OraSure Technologies របស់អាមេរិក។
ការសាកល្បងមួយបានបញ្ជាក់ថា ទោះបីជាកម្រិតនៃភាគរយនៅទាប ជាងការកំណត់របស់ FDA បន្តិចក៏ដោយ ក៏ឧបករណ៍នេះ រកឃើញមេរោគអេដស៍ ដោយជោគជ័យ គឺរហូតដល់ទៅ ៩២ភាគរយ។ ភាគរយដែលកំណត់ដោយ FDA គឺ៩៥ភាគរយ។ ចំពោះការធ្វើតេស្ត យើងគ្រាន់តែយកទឹកមាត់ដែលជាប់នៅអញ្ចាញធ្មេញ ទៅដាក់នៅក្នុងឧបករណ៍ OraQuick In-Home HIV រួចហើយទុកពី ២០ ទៅ ៤០នាទីក្រោយមក យើងនឹងដឹងលទ្ធផល។
នៅពេលដែល យើងឃើញលទ្ធផលវិជ្ជមាន នោះមិនទាន់ប្រាកដថា យើងមានជំងឺអេដស៍នោះទេ។ យើងត្រូវទៅធ្វើតេស្ត បញ្ជាក់នៅមណ្ឌលសុខភាព។ ចំពោះលទ្ធផលអវិជ្ជមាន ក៏មិនទាន់ប្រាកដថា គ្មានជំងឺអេដស៍ដែរ ព្រោះថា អ្នកធ្វើតេស្ត អាចឆ្លងជំងឺអេដស៍នោះអំឡុងបីខែមុន។ លក្ខណៈសំខាន់របស់ឧបករណ៍នេះ គឺថា វាអាចជួយដល់អ្នក ដែលមិនដែលទៅ ពិនិត្យឈាម និងអ្នកដែលមិនហ៊ានទៅពិនិត្យឈាមរកមេរោគអេដស៍ ជាពិសេសសំរាប់អ្នក ដែលមានការប្រឈមមុខខ្ពស់ចំពោះជំងឺអេដស៍ ដូចជាអ្នករកស៊ីផ្លូវភេទជាដើម។ ជាមួយឧបករណ៍នេះ ពួកគេអាចពិនិត្យឈាមបានទៀងទាត់។
ការធ្វើតេស្តរកមេរោគអេដស៍ ជាប្រចាំគឺជាប្រការ ល្អសំរាប់ការការពារ និងការកាត់បន្ថយការរីករាលដាលរបស់ជំងឺនេះ។ គួររំលឹកថា មានប្រជាជនអាមេរិក មិនតិចទេ មិនសូវជារវីរវល់ ចំពោះការដែលថា ខ្លួនមានជំងឺអេដស៍ ដែរឬអត់នោះ។ ប៉ុន្តែ តាំងពី២០ឆ្នាំមកហើយ ប្រជាជនអាមេរិក ៥ម៉ឺននាក់ក្នុងមួយឆ្នាំ បានឆ្លងជំងឺអេដស៍៕
ប្រភព៖ ថ្មីៗ














