កម្ពុជា​​ប្តឹង​ទៅ​​តុលាការ​​ឡាអេ​​ អំពី​​សកម្មភាព​​យោធា​​ថៃ​​នៅ​​ព្រះវិហារ


សកម្មភាព​ទាហាន​ ឈុតខ្មៅ​ថៃ​ដែល​ ដាក់ពង្រាយ​បន្លា​លួស​ក្នុង​តំបន់​ព្រំដែន ​ប្រាសាទព្រះវិហារ ​ជាច្រើនលើក​ កាលពី​ក្នុង​ខែមិថុនា​កន្លងមក​ បាន​បង្ខំ​អោយ​កម្ពុជា​ ដាក់​បណ្តឹង​ទៅ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។ លិខិត​ដែល​លោក​រដ្ឋមន្ត្រីការបរទេស​ហោ ណាំហុង​សរសេរ​ប្រាប់​ ទៅ​ក្រឡាបញ្ជី​តុលាការអន្តរជាតិ​ មានភ្ជាប់​ជាមួយ​ របាយការណ៍​នៃ​សកម្មភាព​របស់​យោធា​ថៃ។


មាន​លិខិត២ច្បាប់​ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បានធ្វើ​នៅថ្ងៃពុធទី៤កក្កដានេះ​ទាក់ទង​ នឹង​សកម្មភាព ​រាយ​បន្លា​លួស​របស់ ​យោធា​ថៃ ដែល​កម្ពុជា​ហៅថា ជា​សកម្មភាព​រំលោភ​ សាលក្រម​ឡាអេ​នៅក្នុង ​តំបន់​ ដែល​ត្រូវ​គ្មាន​កងទ័ព​ បណ្តោះអាសន្ន​ ក្បែរ​ប្រាសាទព្រះវិហារ។

ទីមួយ​គឺជា​កំណត់​ទូត​ដែល​លោក​រដ្ឋមន្ត្រីការបរទេស​សរសេរ​ផ្ញើរ​ទៅ​ រដ្ឋាភិបាល​ទីក្រុង​បាងកក ដោយមាន​រៀបរាប់​រាប់​អំពី​សកម្មភាព​រំលោភបំពាន​របស់​យោធា​ឈុតខ្មៅ​ថៃ ហើយ​និង​បានស្នើ​អោយ​ចាប់​វិធានការ​ បញ្ឈប់​សកម្មភាព​នេះ​ទៀត។ ទី២គឺជា​លិខិត​ជូនដំណឹង​ ដែល​ប្រមុខ​ការទូត​កម្ពុជា ​សរសេ​រ​ប្រាប់​ទៅ​លោក ហ្វ៊ី​លី​ព គូ​វ្រឺ (Philippe COUVREUR) ជា​ក្រឡាបញ្ជី​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ដែល​រៀបរាប់​ អំពី​សកម្មភាព​យោធា​ថៃ។

នៅក្នុង​លិខិត​ផ្ញើរ​ទៅ​ក្រឡាបញ្ជី​តុលាការ​ឡាអេ លោក​ហោ ណាំហុង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«កម្ពុជា​សូម​តវ៉ា​ ប្រឆាំង​សកម្មភាព​របស់ ​ប្រទេស​ថៃ​នៅក្នុង​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន ដែល​សកម្មភាព​ទាំងនោះ​ គឺជា​ការរំលោភ​ទៅនឹង​ដីកា ​បង្គាប់​របស់​តុលាការ​ឡាអេ​ ចុះ​ថ្ងៃទី១៨ កក្កដា​ ឆ្នាំ២០១១»។ លោក​ហោ ណាំហុង​បាន​បន្ត​សរសេរ​ប្រាប់ ​លោក​ក្រឡាបញ្ជី​ដដែល​ថា៖«កម្ពុជា​បានស្នើ​អោយ ​ថៃ​បញ្ឈប់​សកម្មភាព​ទាំងនេះ ​ដែល​អាច​បង្កអោយ មាន​បរិ​យា​ការតានតឹង​នៅក្នុង​ តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព ​បណ្តោះអាសន្ន ហើយ​និង​សូមអោយ​ថៃ​គោរព ​ដីកា​បង្គាប់​របស់​ តុលាការ​ឡាអេ»។

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បានស្នើ​អោយ​ក្រឡាបញ្ជី​នាំយក​ព័ត៌មាន​អំពី​ ការរំលោភបំពាន​របស់​ទាហាន​ថៃ​ទាំងនេះ​ទៅប្រាប់​ក្រុមប្រឹក្សា​ចៅក្រម​នៃ​ តុលាការ​យុត្តិធម៌​អន្តរជាតិ។

ចំណែកឯ​កំណត់​ទូត​ ដែល​កម្ពុជា​ផ្ញើ​ទៅ​ រដ្ឋាភិបាល​ទីក្រុង ​បាងកក​វិញ ក្រសួងការបរទេស​បាន​រៀបរាប់​លំអិត​អំពី ​សកម្មភាព​របស់​យោធា​ ឈុតខ្មៅ​ថៃដែល​ ព្យាយាម​ដាក់​រាយ​បន្លាលួសជាច្រើន ដង​តាំងពី​ថ្ងៃ​ទី​២៣​មិថុនា​មក ហើយ​បាន​ស្នើអោយ​រដ្ឋាភិបាល​ថៃ​ចាត់​វិធាន មិនអោយ​មាន​សកម្មភាព​បែប នេះ​កើតឡើង​បន្តទៀត។ រដ្ឋាភិបាល​កម្ពុជា ​បាន​សរសេរ​ប្រាប់​ រដ្ឋាភិបាល​ថៃ​ថា ការបញ្ឈប់​សកម្មភាព​  បែបនេះ ​គឺ​ដើម្បី​បញ្ចៀស​កុំអោយ ​មាន​ភាព​តានតឹង​ ដែល​នឹង ​ផ្តល់​ផលប៉ះពាល់​ ជា​អវិជ្ជមាន​បរិ​យា​ការ​នៃ​អនុវត្ត​ដី កា​បង្គាប់​របស់​ តុលាការ​យុត្តិធម៌​អន្តរជាតិ៕





ប្រភព៖ ថ្មីៗ


 

Related Posts Plugin for WordPress, Blogger...