នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ តារាសម្តែង និង ជាពិធីការិនី ដ៏មានប្រជាប្រិយភាព សូដា នីតា បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួនចំនួន ២០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយរំលែក ទុក្ខលំបាក បានមួយគ្រា ដល់លោកយាយ មុំ បឹងបន្ទាប់ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយ នៅព័ត៌មានស្តីពីស្ថានភាព ដ៏ក្រ លំបាករបស់ លោកយាយ មុំ បឹង ដែលកំពុងរស់នៅ ក្នុងខ្ទមកំសត់ ម្នាក់ឯង តស៊ូក្នុងឆាកជីវិត គ្មានកូនគ្មានចៅ នៅឯខេត្តព្រៃវែង និងមានជំងឺជាប់កាយ កាលពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនោះ មានសប្បុរសជនជាច្រើន បានចូលរួម ឧបត្ថម្ភ ដល់ លោកយាយ ជាបន្តបន្ទាប់ ។
ទិដ្ឋភាពបែបនេះ បានឆ្លុះបញ្ចាំង ឲ្យឃើញ ពីទឹកចិត្តជ្រះថ្លា ក្នុងនាមជាប្រជាពលរដ្ឋដូចគ្នា ហើយក្នុងនាម សូដា នីតាជាអ្នកសិល្បៈ ធ្លាប់មានឈ្មោះបោះសំឡេង ដោយទឹកចិត្ត សប្បុរសធម៌នេះ ពិតជាគួរឲ្យ កោតសរសើរ ចំពោះនាង និងអំពាវនាវ ឲ្យសិល្បករ-សិល្បការិនី ដ៏ទៃទៀត ចេះមានចិត្តសប្បុរស ជួយដល់ ជនក្រីក្រគ្មានទីពឹង កុំឲ្យអ្នកទាំងនោះ យកពេលវេលា និងប្រាក់កាស ចាយ ខ្ជះខ្ជាយឥតប្រយោជន៍ ដែលគិតតែពីសម្ភារៈនិយមនោះ ។
ដូនចាស់ មុំ បឹង មានជីវភាព យ៉ាងក្រលំបាក ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុងភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែង គ្មានទីពឹង ច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំ កោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមាន ជំងឺទៀតផង ហើយបច្ចុប្បន្ន បានប្រជាពលរដ្ឋ នៅក្បែរខាង និងក្រុមការងារ គណបក្ស ប្រជាជន ជួយឧបត្ថម្ភ មួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅ ក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវ ស្វែងរកជំនួយ និង ការឧបត្ថម្ភ ពីសប្បុរសជន នានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕






ប្រភព៖ Lookingtoday














