តារាសម្ដែងល្បីល្បាញនាងសារ៉ាយ សក្ខណា កំពុងទទួលជោគជ័យកាន់តែខ្លាំង លើមាគ៌ាជាតារាសម្ដែង ពិសេសក្នុងតំណែងជាតួស្រគត់ស្រគំ បែបកម្រត់តស៊ូ ដែលភាគច្រើនតម្រូវឲ្យនាងបង្ហូរទឹកភ្នែកផង។ ប៉ុន្តែនៅពីក្រោយការសម្ដែងនេះ នាងគឺជាតារាម្នាក់ ដែលពូកែកំប្លុកកំប្លែង និងសំបូរវោហាស័ព្ទមិនចាញ់តារាកំប្លែងទៅវិញទេ។ ជាមួយនឹងអត្តចរិតឡិកឡក់ៗនៅក្រៅឆាកនេះ នាងបានប្រាប់ខ្មែរហ្សូមឲ្យបានដឹងថា ប៉ុន្មានថ្ងៃនេះ នាងអត់បានលេងសើចអញ្ចឹងទៀតទេ ដោយសារចង់ឆ្កួត ព្រោះតែរឿងការងារមួយ។
នេះជាលើកដំបូងបំផុត ដែលគេបានឮនាងសារ៉ាយ សក្ខណា ត្អូញត្អែរថាពិបាក រហូតធ្វើឲ្យនាងចង់ឆ្កួត នឹងកិច្ចការមួយ ដែលគេដឹងថា នោះគឺជាការសម្ដែងតែម្ដង។
ទោះ
យ៉ាងណា ភាពវិលក្បុងដល់ថ្នាក់ខ្ជាក់ពាក្យចង់ឡប់ ចង់ឆ្កួតនេះ
មិនមែនដោយសារនាងជួបរឿងមិនល្អ ក្នុងការងារនោះទេ
គឺដោយសារតែនាងត្រូវគេតម្រូវឲ្យសម្ដែងជាតួកូនភ្លោះ
ដែលម្ដងតម្រូវឲ្យសម្ដែងធ្នាស់
និងម្ដងតម្រូវឲ្យសម្ដែងធ្វើស្លូតប៉ុណ្ណោះ។
តារាវ័យ២៣ឆ្នាំរូបនិយាយថា «ខ្ញុំនិយាយត្រង់
ខ្ញុំមិនដែលពិបាកថតរឿងណាដូចថតរឿងកូនភ្លោះហ្នឹងទេ
ព្រោះមួយភ្លែតដាក់រោមភ្នែកធ្វើតួកូនអ្នកមាន
មួយភ្លែតដករោមភ្នែកធ្វើតួអ្នកក្រ
ហើយក្នុងមួយប្លង់ៗគឺចង់ឆ្កួតតែម្ដង
ដោយសារបន្តិចផ្លាស់ខោអាវធ្វើ បន្ថិចស្លៀកពាក់ធ្វើក្រ
ហើយបើនិយាយពីរឿងផាត់មុខវិញ គឺចង់ឆ្កួតតែម្ដង
ព្រោះម្ដងផាត់ធ្វើកាច ម្ដងលាងចេញធ្វើស្លូត
ដែលខ្ញុំអាចនិយាយបានថា មិនធ្លាប់ប្រទះ!»។ នាងអះអាងថា
ប៉ុន្មានថ្ងៃនេះ
ផលិតករកំពុងសម្រុកថតប្លង់កូនភ្លោះទាំងពីរជួបមុខគ្នា
ត្រង់ហ្នឹងហើយ ដែលនាងចង់ឡប់ជាងគេ
ដោយសារតែត្រូវប្ដូរការតុបតែងខ្លួន មួយភ្លែតបីបួនដង
ព្រោះតែម្ដងធ្វើស្លូតម្ដងធ្វើកាច ដែលគ្រាន់តែប៉ារ៉ូលនិយាយ
ក៏ធ្វើឲ្យនាងវង្វេងវង្វាន់រួចទៅហើយ។
សារ៉ាយ សក្ខណា កំពុងថតរឿង«កូនភ្លោះចម្លែក» ឲ្យផលិតកម្មខ្មែរមេគង្គ ដែលគ្រោងចាក់បញ្ចាំងនៅទូរទស្សន៍My TV នាងពេលដ៏ខ្លី។ នាងនិយាយថា រឿងនេះពិតជាធ្វើឲ្យអ្នកទស្សនាប្លែកភ្នែក ហើយរំពឹងថា ទទួលបានការចាប់អារម្មណ៍ ប៉ុន្តែវាក៏នឹងធ្វើឲ្យនាងឆ្កួតមួយសារៗផងដែរ ទម្រាំតែសាច់រឿងទាំងមូលថតចប់។ តារារូបនេះនិយាយថា «ក្នុងថ្ងៃខ្លះខ្ញុំលេងអត់ចាំប៉ារូលទេ ដោយសារតែភ្លេចថាខ្លួនឯងត្រូវដើរតួស្លូត ឬជាតួកាច ហើយបើនិយាយពីលេងទឹកមុខវិញ គឺច្រឡំចុះឡើងៗ ឡើងចង់ឆ្កួតទៅហើយ អញ្ចឹងហើយ ទើបប្លង់ខ្លះខ្ញុំថតខុសៗ ព្រោះតែភ្លេចថាខ្លួនឯងត្រូវលេងប៉ារូលអី ហើយត្រូវលេងស្លូត ឬកាច!»។ ខាងផលិតករអត់មាន ការរៀបចំប្លង់ឲ្យនាងលេងឈុតស្លូតឲ្យអស់សិន ចាំឈានទៅលេងតួកាចមួយ រួចកាត់តចូលគ្នាដូចគ្នាធ្លាប់គិតនោះទេ គឺតម្រូវឲ្យនាងសម្ដែងជាតួអង្គទាំងពីរតែម្ដងក្នុងថ្ងៃតែមួយ ។ សារ៉ាយ សក្ខណា និយាយថា «ខាងផលិតករគាត់អត់ឲ្យយើងថតប្លង់ស្លួតសិន ចាំថតប្លង់កាចអីអ៊ីចឹងទេ ព្រោះគាត់ត្រូវការថតទីតាំងមួយៗអស់អស់តែម្ដង កុំឲ្យពិបាកវិលមកថតម្ដងទៀត អញ្ចឹងហើយ ទើបខ្ញុំចង់ឆ្កួត ព្រោះតែម្ដងកាច ម្ដងស្លូត ម្ដងផាត់មុខក្រាស់ ម្ដងជូតមុខចេញ ដែលសូម្បីតែស្បែកមុខខ្ញុំក៏ចង់សឹកព្រោះជូតចុះជូតឡើង!»។ បើចំប្លង់ខ្លះ ដែលតួកូនភ្លោះទាំងពីរ ត្រូវជួបមុខគ្នាទៀត គឺនាងនឹងរឹតតែឆ្កួតលែងនិយាយតែម្ដង ដោយសារតែមួយភ្លែតត្រូវតែងតួច្រើនលើកពេក ហើយឈុតហ្នឹងហើយ ដែលនាងលេងខុសៗ ញឹកញាប់។ ទោះយ៉ាងណា សារ៉ាយ សក្ខណា អះអាងថាសប្បាយចិត្ត ដោយសារតែរឿងនោះជារឿងដែលនាងបានដើរតួកូនភ្លោះលើកដំបូង និងជារឿងរបស់ផលិតកម្មខ្មែរមេគង្គ ដែលរមែងទទួលជោគជ័យ គ្រប់ខ្សែរឿងដែលផលិតកម្មនេះ បានផលិតឡើង។

គួរ បញ្ជាក់ថា ក្នុងរឿងកូនភ្លោះចម្លែក នាងសារ៉ាយ សក្ខណា ត្រូវដើរតួពីរ ប៉ុន្តែពួកនាងមិនមែនជាកូនភ្លោះកើតចេញពីផ្ទៃតែមួយនោះទេ គឺពួកនាងមានមុខមាត់ដូចគ្នា ដោយសារតែនាងសារ៉ាយ សក្ខណាកាច បានរត់ចោលប្ដីទៅតាមសង្សារ ហើយត្រូវឪពុកម្ដាយរបស់នាងភ័យរឿងបាក់មុខ ក៏ប្រឹងរកនារីម្នាក់ផ្សេងទៀត ដែលមានកម្ពស់កម្ពដូចនាង យកមកវះកាត់ប្ដូរមុខ ឲ្យដូចគ្នាបេះបិតនឹងនាងសារ៉ាយ សក្ខណា រួចហើយបញ្ជូននារីស្លូតទុរគតម្នាក់នោះ ឲ្យទៅបន្លំធ្វើភរិយារបស់លោកស៊ិន សំនៀង ដើម្បីមហិច្ឆតាទ្រព្យសម្បត្តិ។ សាច់រឿងក្នុងខ្សែរឿងនេះ មានភាពប្លែក និងបានទទួលការចាប់អារម្មណ៍ ដោយគ្រាន់តែបានបរិយាយត្រួសៗ អ៊ីចឹងហើយ ទើបមានការរំពឹងថា រឿងនេះ នឹងធ្វើឲ្យសារ៉ាយ សក្ខណា ឡើងកូដខ្លាំង មិនខុសពីរឿង«ត្រៀមចិត្តសម្រាប់ឈឺ» ដែលនាងកែវ នីសា ធ្លាប់បានសម្ដែងធ្វើជាតួកូនភ្លោះដូចគ្នានោះ៕
ដោយ៖ តារារដ្ឋ


ប្រភព៖ ខ្មែរហ្សូម














