ភ្នំពេញៈ បន្ទាប់ពីមានភាព ស្ងប់ស្ងាត់មួយរយៈ ពីការងារសិល្បៈ ដោយមានអ្នកខ្លះគិតថា នាងបាន បញ្ចប់ អាជីព សិល្បៈទៅហើយនោះ ស្រាប់តែបច្ចុប្បន្ន កញ្ញា លី ច័ន្ទសីហា ក្ដាប់បានឱកាស ចូលខ្លួន មកប្រឡូកក្នុងវិថីសិល្បៈ ជាថ្មី មិនតែប៉ុណ្ណោះ នាងថែមទាំងបាន គ្រងដំណែង ជាតួឯកស្រីក្នុងរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ទៀតផង។
តារាសម្តែងស្រីដែល ធ្លាប់មានឈ្មោះល្បី ដោយសារតែ ទេពកោសល្យ ក្នុងការបង្ហូរទឹកភ្នែកស្ទើរ គ្រប់សាច់រឿង លី ច័ន្ទសីហា បានប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២នេះថា បច្ចុប្បន្ន នាងមានការមមាញឹកច្រើន ទាំងការងារសិល្បៈ និងមុខរបរសម្អាងការ ព្រោះថាពេលនេះ នាងកំពុងតែសម្រុក ថតរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺរឿង” អព្ភូតហេតុស្នេហ៍” ។
តួឯកស្រីតាំងពី កុមារភាពក្នុងរឿង ”កតញ្ញូ” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា ”បើនិយាយពីការងារ សិល្បៈមួយ រយៈចុងក្រោយ នេះ ខ្ញុំមានភាពស្ងប់ស្ងាត់ មិនសូវបានទទួលការងារ សិល្បៈប៉ុន្មានទេ តែពេលនេះខ្ញុំនឹងចាប់ផ្តើម មកប្រឡូកការងារវិញ ហើយកំពុងតែត្រៀម ដាក់បញ្ចាំងខ្សែភាពយន្តថ្មី ។ ខ្ញុំក៏សង្ឃឹមថា នៅពេលដែលខ្សែភាពយន្តនេះ ដាក់បញ្ចាំង នឹងអាចទទួលបានការ គាំទ្រច្រើន ពីទស្សនិកជន។
ម្យ៉ាងខ្ញុំក៏សង្ឃឹមថា កេរ្តិ៍ឈ្មោះរបស់ខ្ញុំ នឹងអាចល្បីសារជាថ្មីម្តងទៀត ព្រោះថាក្នុងសាច់រឿងនេះ ខ្ញុំសម្តែងជាតួឯកស្រីដែល មានចរិកបែបកាច តែម៉ឺងម៉ាត់និងមានឈុតឆាកខ្លះ កំប្លែងទៀតផង”។ កញ្ញា សីហា បានប្រាប់បន្ថែមទៀតថា ខ្សែភាពយន្តនេះថត បានប្រហែលជាជិត ៩០ភាគរយ ហើយត្រៀមនឹង ដាក់បញ្ចាំង នៅថ្ងៃទី១៨ ខែកក្កដា នៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ខាងមុខនេះ៕

ប្រភព៖ Lookingtoday















