ភ្នំពេញ៖ ភាពស្ងប់ស្ងាត់ពី វិស័យសិល្បៈ
មិនឃើញមាន បទចម្រៀងថ្មីចេញលក់ នៅលើទីផ្សារ
ដែលនាំឲ្យមានពាក្យ ចចាមអារ៉ាមថា លោក ប៊ុន សក្តិ បានដើរចេញពីសាន់ដេ
និងឈប់ពីសិល្បៈហើយ។ ប៉ុន្តែពេលនេះ លោកចេញមុខអះអាងថា
លោកមិនបានឈប់ពីសិល្បៈទេ នៅតែជាតារាចម្រៀង របស់សាន់ដេ ដដែល
ហើយឆាប់ៗ ខាងមុខនេះ នឹងចេញបទថ្មី៤បទបន្ថែម ទៀតផង។
ស្របពេលដែលបាត់វត្តមាន
និងសំឡេងរបស់ម្ចាស់បទ “ភ្នំពេញនឹកកំពង់ចាម” ដែលបកស្រាយដោយលោក
ប៊ុន សក្តិ នោះ ក៏លេចឮពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា
តារាចម្រៀងរូបនេះ បានចាកចេញពីសាន់ដេ និងឈប់ពីសិល្បៈហើយ។
មិនតែប៉ុណ្ណោះ ថ្មីៗកន្លងមកនេះ មានបណ្តាញព័ត៌មានចុះផ្សាយថា
លោកបានទៅធ្វើជាអង្គរក្សរបស់អ្នកមានបុណ្យសក្តិម្នាក់
នៅក្នុងជួររដ្ឋាភិបាលទៀតផង។ លើសពីនេះ កាលពីពាក់កណ្តាលខែ ឧសភា
ឆ្នាំ២០១២ តារាចម្រៀងលោក ប៊ុន សក្តិ
បានបើករថយន្តជ្រុលចង្កូតទៅបុករថយន្តគេពីក្រោយ
នៅចំណុចក្រោមស្ពានអាកាសព្រះមុនីវង្ស តាមបណ្តោយផ្លូវព្រះមុនីវង្ស
ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងត្រូវចេញសងឲ្យគេអស់៥០
ដុល្លារ។
ជាមួយនឹងការលេចវត្តមាន ប៊ុន សក្តិ នេះ
បានធ្វើឲ្យមហាជនគ្រប់គ្នាឆ្ងល់ថា
ហេតុអ្វីក៏មិនឃើញមានបទចម្រៀងរបស់លោកចេញលក់នៅលើទីផ្សារទៀត?
ដូច្នេះហើយ ក៏មានការលើកឡើងខុសៗគ្នាថា ប្រហែលជាតារាចម្រៀងរូបនេះ
ផ្តាច់ខ្លួនពីសិល្បៈទៅហើយ។ ជួបសម្ភាសជាមួយ “វរជនខ្មែរ”
កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការលើកឡើងខាងលើ លោក ប៊ុន សក្តិ
បានបកស្រាយថា តាមពិតលោកមិនបានដើរចេញពីផលិតកម្មសាន់ដេ
ឬឈប់ពីសិល្បៈ ទៅធ្វើជាអង្គរក្សនោះទេ។ លោកថា“ការពិតទៅ
កាលដែលបាត់វត្តមានខ្ញុំមួយរយៈមកនេះ មិនមែនខ្ញុំឈប់ពីសិល្បៈ
ឬចាកចេញពីសាន់ដេនោះទេ
គឺខ្ញុំបានចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីចំនួន១ខែ
លុះត្រឡប់មកដល់ស្រុកខ្មែរវិញជាង២ខែនេះ
ក៏មិនបានចេញច្រៀងនៅតាមបណ្តាស្ថានីយទូរទស្សន៍
ឬការប្រគំតន្ត្រីណាមួយឡើយ”។
លោកបន្ថែមថា “ចំពោះពាក្យដែលលេចឮថា
ខ្ញុំឈប់ពីសិល្បៈ ទៅធ្វើអង្គរក្សនោះ វាជារឿងមិនពិតនោះទេ
នោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ”
។តារាចម្រៀងចេញពីទឹកដីនៃខេត្តប្រាសាទព្រះវិហាររូបនេះ
បានបន្តឲ្យដឹងថា សព្វថ្ងៃលោកកំពុងច្រៀងនៅផលិតកម្មសាន់ដេ ដដែល
និងកំពុងត្រៀមចេញបទថ្មី៤បទទៀតផង រួមមានបទ ជីវិតអ្នករត់តុ,
ទឹកចិត្តភរិយា, ជូតទឹកភ្នែកខ្លួនឯង និងបទ
ក៏មានបងនៅខ្វល់ពីអូន។ជាមួយនឹងការចរាចរបទថ្មីនៅពេលឆាប់ៗ
ខាងមុខនេះ លោក ប៊ុន សក្តិ បានអះអាងថា លោកមានទំនុកចិត្ត
និងសង្ឃឹមយ៉ាងច្រើន ដែលអាចស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក។លោក ប៊ុន សក្តិ
ក៏បានប្រាប់ឲ្យដឹងថា នៅរវាងខែសីហា ឆ្នាំ២០១២ ខាងមុខនេះ
លោកមានគម្រោងចេញទៅច្រៀងនៅសហរដ្ឋអាមេរិកទៀត
ប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយ ខណៈដែលអ្នកធានាលោកចេញទៅនោះប្រាប់ថា
ឲ្យត្រៀមខ្លួនប៉ុណ្ណោះ៕ ដោយៈ សុភា

ប្រភព៖ វរជនខ្មែរ















