មានករណីផ្ទុះ ជំងឺផ្តាសាយ បក្សីមួយកន្លែងទៀត ស្ថិតនៅតំបន់ ស៊ីនជាំងក្នុង ភាគពាយ័ព្យនៃ ប្រទេសចិន។ អាជ្ញាធរមូលដ្ឋានបាន ប្រាប់អោយដឹងថា សត្វមាន់ជាង១៥០ ០០០ក្បាល ត្រូវបានសំលាប់។
មន្ត្រីនៅក្នុង តំបន់ជនបទ នៃខេត្តស៊ីនជាំង (Xinjiang) ប្រទេសចិន បានអះអាង អោយដឹងថា ពួកគេបាន បញ្ជាអោយ សំលាប់សត្វមាន់ ដែលមាន ចំនួនជាង ១៥០០០០ក្បាល នៅក្នុង តំបន់នេះ បន្ទាប់ពីមេរោគ ផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញ។ ការផ្ទុះជំងឺផ្តាសាយបក្សី ដែលបានធ្វើអោយ មាន់ងាប់ជាង ១៥០០ក្បាល និងជាង៥០០០ក្បាលទៀត ឈឺនោះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែមិថុនា។ ប៉ុន្តែលទ្ធផល នៃការវិភាគ ទើបបង្ហាញច្បាស់ កាលពីថ្ងៃចន្ទ ទី២ កក្កដា ម្សិលមិញនេះ។
សារព័ត៌មានចិន មិនបានបញ្ជាក់ អំពីទីតាំងពិត ប្រាកដនៃកន្លែង ដែលមាន ផ្ទុះជំងឺ ផ្តាសាយបក្សីនោះឡើយ ដោយគ្រាន់តែ ប្រាប់ថា វាជាកសិដ្ឋានមួយ។
ស៊ីនជាំង គឺជាតំបន់ធំមួយ ដែលមានព្រំដែន ជាប់នឹង អាស៊ីកណ្តាល ហើយមាន ប្រជាជនជាជនជាតិ ភាគតិច អ៊ុយហ្គួ (Uighurs) ប្រហែល៩លាននាក់ ដែលរស់នៅក្នុង តំបន់នេះ ដែល
ភាគច្រើនគឺ ជាអ្នកកាន់សាសនាអ៊ីស្លាម និងនិយាយភាសា Turk។
ប្រទេសចិនត្រូវ បានចាត់ទុកថា ជាប្រទេសមួយ ដែលប្រឈមនឹង ស្ថានភាពគ្រោះថ្នាក់ នៃជំងឺរាតត្បាតផ្តាសាយ បក្សីខ្លាំង ដោយសារតែ ប្រទេសនេះជាប្រទេស ដែលមានកសិដ្ឋាន ចិញ្ចឹមបក្សីធំជាងគេ ហើយថាកសិដ្ឋាន ទាំងនោះស្ថិតនៅជាប់ នឹងប្រជាជន ទៅទៀត៕
ប្រភេព៖ ថ្មីៗ















