ក្រុងឡុងដ៍ៈ ការធ្វើ ផ្ទាំងគំនូរ ដោយប្រើ គ្រាប់កាហ្វេសុទ្ធ ដោយក្រុមវិចិត្រករ រុស្ស៊ី បានជោគជ័យ ក្នុងបំបែក ឯតទគ្គកម្ម នៃកំណត់ត្រាពិភពលោក ហ្គីណេស កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ។
វាជារូបគំនូរ មួយដែលក្រុម វិចិត្រករ បានយកគ្រាប់ កាហ្វេពណ៌ស ខ្មៅ សូកូឡា និងពណ៌ដទៃទៀត មកតម្រៀបគ្នា នៅលើជញ្ជាង ឲ្យចេញជារូបមុខ ស្រ្តីម្នាក់ដ៏ ស្រស់ស្អាត និងពែងកាហ្វេមួយ។ វាត្រូវបានគេនាំ យកដាក់តាំងបង្ហាញ នៅឯឧទ្យាន វិចិត្រសាលហ្គក ហ្គី ផាក នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយធ្វើឲ្យមនុស្សម្នា ជាច្រើន ដែលដើរកាត់ទីនេះ ត្រូវឈប់ដំណើរ របស់ខ្លួនដើម្បីឈរគយគន់ យ៉ាងជក់ចិត្ត។
ក្រុមវិចិត្រ និងសការីពួកគេ បានចំណាយពេល ១០ ថ្ងៃទើបបង្កើត ស្នាដៃមួយនេះឡើង នៅលើផ្ទៃដែលមានទំហំ ៣០ ម៉ែត្រការ៉េ។
ការធ្វើលើកដំបូង ក្រុមវិចិត្រ ក៏ជួបនឹងបញ្ហា លំបាកដែរ ខណៈពេលវាត្រូវកម្តៅ ព្រះអាទិត្យ គឺគ្រាប់កាហ្វេនោះងាយនឹង រលាយចេញពីគ្នា។ ដូច្នេះពួកគេត្រូវចំណាយ ពេលធ្វើវាម្តងទៀត។
ក្រុមការងារ កំណត់ត្រាហ្គីណេស បានធ្វើការវាស់វែង និងរៀបចំបញ្ចូលឈ្មោះវាសម្រាប់កំណត់ត្រាពិភពលោកថ្មី ព្រោះវាគឺជា ផ្ទាំងគំនូរដ៏ធំបំផុត ក្នុងពិភពលោក ដែលតម្រៀប ដោយគ្រាប់កាហ្វេសុទ្ធ។ កំណត់ត្រាថ្មីនេះ បានផ្ដួលកំណត់ត្រាចាស់ ដែលជាស្នាដៃផ្ទាំង គំនូរធ្វើពីគ្រាប់កាហ្វេដូចគ្នារបស់វិចិត្រករ នៅប្រទេសអាល់បានី ដែលមានទំហំត្រឹមតែ ២៥ ម៉ែត្រការ៉េ។
ផ្ទាំងគំនូរ ដែលទើបតែជាប់ កំណត់ត្រាកាលពីថ្មីៗនេះ ត្រូវបានផ្គុំ ដោយប្រើកាហ្វេ ជាង១លានគ្រាប់ ដែលទម្ងន់សរុប ជាង១៨០គីឡូក្រាម៕ PR
ប្រភព៖ ភ្នំពេញប៉ុស្តិ៍















