រាជរដ្ឋាភិបាលសម្រេចអនុម័តលើសេចក្តីព្រាង​ អនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និង​ ការ​ពារសត្វផ្សោតទន្លេមេគង្គ


ដោយៈហ៊ាង ចាន់រ៉ា

លទ្ធផលនៃកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីពេញអង្គ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេ​ច​​​​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៤ ខែសី ហា ឆ្នាំ២០១២គណៈ​រដ្ឋមន្រ្តីបាន​ស​ម្រេច អនុម័តលើ សេចក្តី ព្រាងអនុក្រឹត្យ ស្តីពី​ការ​​បង្កើត​តំបន់គ្រប់គ្រង និងការពារសត្វ​ផ្សោ​តទន្លេមេគង្គ។

 សេច ​ក្តីប្រកាស​ព័ត៌មានស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ បានបង្ហាញ ថា​សត្វផ្សោតទន្លេមេគង្គ (Orcaellla brevirostris) គឺជាថនិកសត្វទឹកដ៏កម្រ នៅក្នុងពិភព​លោកដែលមាននៅសល់តិចតួច តាមឆ្នេរសមុទ្រ ចាប់ពីមហាសមុទ្រឥណ្ឌា មកឈូង​សមុ​ទ្រ​ថៃ​ឡងដ៏។ ផ្សោតប្រភេទនេះ ក៏ឃើញមានរស់នៅក្នុងតំបន់ទឹកសាបមួយចំនួន ក្នុងចំ​នួន​ដ៏តិច​តួច ដូចជានៅទន្លេតូចមួយក្បែរទន្លេ GANGE នៃប្រទេសឥណ្ឌា, ទន្លេអ៊ីរ៉ាវ៉ាឌី នៃប្រ​ទេសមី​យ៉ានម៉ា, ទន្លេមេគង្គកម្ពុជា, ទន្លេមហាខាម និងទន្លេមួយទៀត នៅតំបន់​កាលី​ម៉ាន់​តាន់ កោះ​បូ័រណេអូ នៃ ប្រទេស ឥណ្ឌូនេស៊ី។

នៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា ចំនួនសត្វផ្សោតនៅ​សេ​សសល់ប្រហែល ១៥៥-១៧៥​ក្បាល ដោយ​សារតែមាន ការយកចិត្តទុកដាក់អភិរក្សដ៏ខ្លាំងពី​រាជរដ្ឋាភិបាល និងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយចំនួន ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

សត្វ ​ផ្សោតទន្លេមេគង្គបច្ចុប្បន្ន បានក្លាយទៅជា រតនៈសម្បត្តិដ៏ពិសិដ្ឋរបស់ជាតិ ក៏ដូចជា​របស់​ ប្រជាពលរដ្ឋកម្ពុជាដែរដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន​ឡើង​​ៗ ដែល​​​កាលពីឆ្នាំ២០០០ ភ្ញៀវទេសចរណ៍បរទេស មានចំនួនប្រហែល​៥០នាក់​ប៉ុណ្ណោះ ក្នុងមួយ​ឆ្នាំ ហើយកើនឡើងជិតដល់២០.០០០នាក់​នៅឆ្នាំ២០១០។

ចំណែកភ្ញៀវទេសចរណ៍ជាតិក៏ ​កើន​ឡើងជាង ៥ម៉ឺននាក់ក្នុង១ឆ្នាំដែរ ដែលធ្វើឲ្យពល​រដ្ឋ​មូលដ្ឋាន អាចមានឱកាស​រកចំ​ណូល បានជាបង្គួរ ពីវិស័យអេកូទេសចរណ៍សត្វផ្សោតនេះ តាមរយៈសេវាកម្មនានា និងការលក់ដូ​ភេសជ្ជៈផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ​ដែល​ផលិត​ក្នុងសហគមន៍។

 អនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានរៀប​ចំ​ឡើង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគោលបំណង បង្កើតតំ​បន់​គ្រប់គ្រង និង​ការពារសត្វផ្សោតទន្លេមេគង្គ និងជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ជាពិសេស​សម្រា​ប់​​បម្រើវិស័យ អេកូទេសចរណ៍ និងអភិរក្ស សត្វផ្សោត​ប្រកប​ដោយនិរន្ត​ភាព។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដែលចែងក្នុងអនុក្រឹត្យនេះ មានទីតាំង​លាតសន្ធឹង តាមដងទន្លេមេគង្គភាគខាងជើង ក្នុងកំណាត់ខាងលើប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មានិត​ឡាវ ចំណុចល្បាក់ខោនទឹកធ្លាក់ព្រះនិមិត្ត-អន្លង់ឈើទាល-អន្លង់មរតក ក្នុងខេត្តស្ទឹង​ត្រែ​ង មកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ មានទំហំ ៧៦,៣០​គីឡូ​ម៉ែត្រ​ការ៉េ ដោយមិនគិតបញ្ចូលតំបន់ដី សើមមាន សារសំខាន់ជាអន្តរជាតិ ពិសេសជាទីជម្រក​សត្វ​ស្លាប​ទឹក ខេត្តស្ទឹងត្រែងទំហំ ១៤៦ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុង​បញ្ជីនៃ​អនុ​សញ្ញារ៉ាំសា ដូច​មាន​ផែន​ទី​ភ្ជាប់ ក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

សូមជម្រាបជូនថា អនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និង​ការ​​ពារ​​សត្វផ្សោត​ទន្លេ​មេ​គង្គនេះ មាន៦ជំពូក និង១២មាត្រា៕ 
 
ប្រភព៖ khnews.net

Related Posts Plugin for WordPress, Blogger...