មិត្តប្រាសាទ ព្រះវិហារ គាំទ្រ រាជរដ្ឋាភិបាល ដកកងទ័ពចេញ ពីតំបន់មានជម្លោះ


ភ្នំពេញ ៖ មិត្តប្រាសាទព្រះវិហារ ដែលរួមមានមន្រ្ដីរាជការ និស្សិត សិល្បករ និងប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសថា នឹងដកកងទ័ពចេញពី តំបន់ក្បែរប្រាសាទព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីបញ្ជាក់ថា កម្ពុជាគោរពតាម តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ១៨ កក្កដា ឆ្នាំ២០១១ និងធ្វើឲ្យតំបន់នេះ មានសភាពស្ងប់ស្ងាត់ ដូចធម្មតា កាលពីមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្ដី បានថ្លែងនៅថ្ងៃទី១៥ កក្ដដា ឆ្នាំ២០១២ ដែលជាថ្ងៃទី២ នៃសន្និសីទនិងពិព័រណ៍ មិត្តប្រាសាទព្រះវិហារថា កាលពីថ្ងៃទី១ នៃកម្មវិធីនេះ មានអ្នកចូលរួមចំនួនជិត ២០០០នាក់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការសម្រេច​ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសថា នឹងដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះ អាសន្ន ដោយឯកតោភាគី ដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជា ពិតជាគោរពតាមដីកា សម្រេចរបស់ តុលាការ យុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ដែលបានសម្រេចឲ្យភាគីទាំង២ ដកទ័ពចេញពី តំបន់គ្មានកងទ័ព បណ្ដោះអាសន្ន ដើម្បីឲ្យស្ថានការណ៍ នៅតំបន់ប្រាសាទ ព្រះវិហារ មានសភាព ស្ងប់ស្ងាត់ ដូចមុនថ្ងៃទី១៥ កក្ដដា ឆ្នាំ២០០៨ ដែលកងទ័ពប្រទេសថៃ បានចូលមក ឈ្លានពាន មកលើអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា។ មិនខុសគ្នាដែរ អ្នកចូលរួម ជាង ១០០០នាក់ នាថ្ងៃទី២ នៃការជួបជុំគ្នានេះ ក៏បានសម្ដែង ការគាំទ្រ យ៉ាងពេញទំហឹង ដល់ ការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នេះផងដែរ។

លោក ផៃ ស៊ីផាន បន្ថែមថា «មិត្តប្រាសាទព្រះវិហារ ក៏បានទទូចឲ្យភាគី ប្រទេសថៃអនុវត្ត នូវការកាតព្វកិច្ច របស់ខ្លួន ចំពោះដីកា បង្គាប់របស់ តុលាការយុត្តិធម៌ ទីក្រុងឡាអេ ដើម្បីធ្វើឲ្យ ស្ថានការណ៍ នៅតំបន់ប្រាសាទ ព្រះវិហារ មានភាព ល្អប្រសើរឡើងវិញ»។

អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកសារព័ត៌មាន នៅលើ សមរភូមិតំបន់ ប្រាសាទព្រះវិហារ នាពេលកន្លងមក លោក សយ សុភាព បានមានប្រសាសន៍ ក្នុងអង្គសន្និសីទ នោះដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី២ បានដាក់សំណើរ ជាផ្លូវការ ទៅអង្គការយូនីស្កូ ដើម្បីដាក់ ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិភណ្ឌ ពិភពលោក ហើយតាំងពីពេលនោះមក ប្រទេសកម្ពុជា និងប្រទេសថៃ ចាប់ផ្ដើមមាន ភាពតានតឹង ជាបណ្ដើរៗ។

លោកបាន គាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការ ដកកងទ័ព ចេញពីតំបន់គ្មាន កងទ័ព បណ្ដោះអាសន្ន ដោយឯកតោភាគីនោះ ព្រោះជាផលប្រយោជន៍ ប្រទេសជាតិ។

លោក សយ សុភាព «អំពាវនាវឲ្យ ជនរួមជាតិខ្មែរទាំងអស់ ចេះសាមគ្គីគ្នា ក្នុងការដោះស្រាយ បញ្ហានានា ដែលកើតមានឡើង ដើម្បីធ្វើយ៉ាងណាឲ្យ ប្រទេសកម្ពុជា មានការអភិវឌ្ឍ បានឆាប់រហ័ស»។

ក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រី នៃប្រទេសថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ កន្លងមក មេដឹកនាំ រដ្ឋាភិបាល នៃប្រទេសទាំងពីរ បានឯកភាពកែ សម្រួលកងទ័ព នៅតំបន់គ្មានកងទ័ព បណ្ដោះអាសន្ន ក្បែរប្រាសាទព្រះវិហារ របស់ខ្មែរ ដោយ គោរពទៅតាម សេចក្ដីសម្រេច របស់តុលាការ យុត្ដិធម៌អន្ដរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
ការកែសម្រួល កងទ័ព នៃប្រទេសទាំងពីរ ដោយស្មគ្រ័ ប្រទេសកម្ពុជា និងប្រកាស កែសម្រួល ជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ប៉ុន្ដែខាងភាគីថៃ មិនទាន់បាន ប្រកាសនៅឡើយទេ ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់ អ្នករាយការណ៍ ព័ត៌មាន នៅសៀមរាបថា «យើងបានឯកភាពគ្នា ធ្វើការកែសម្រួល កងទ័ព គ្រាន់តែ ពេលវេលា ខុសគ្នាប៉ុណ្ណោះ ហើយក៏ជា ការបង្ហាញសុឆន្ទៈល្អ ទាំងអស់គ្នា» ។

សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នោះ ថា “ការដកកងទ័ពចេញពី តំបន់ ដែលគ្មាន កងទ័ព កំណត់ដោយតុលាការ យុត្ដិធម៌អន្ដរជាតិ គឺបង្ហាញពីឆន្ទៈ របស់ភាគី ទាំងសងខាង” ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា “ការដកកងទ័ពនេះ មិនមានន័យ ថា ជាការ ដកកងទ័ព ចេញពីទឹកដីរបស់ខ្លួននោះទេ តែអនុវត្ដទៅតាមការកំណត់ របស់តុលាការ យុត្ដិធម៌អន្ដរជាតិ” ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងកែ សម្រួល កងទ័ពចំនួន ៤៨៥នាក់ ដោយជំនួសវិញ នៅភ្នាក់ងារនគរបាល ២៥៥នាក់ សម្រាប់រក្សាសណ្ដាប់ធ្នាប់ នៅតំបន់គ្មាន​កងទ័ពបណ្ដោះអាសន្ន និងកម្លាំង​អភិរក្សប្រាសាទជាង ២០០នាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពបើកច្រកទ្វារ ប្រាសាទព្រះវិហារជាផ្លូវការ សម្រាប់ឱ្យភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ ព្រមទាំងបើកច្រកអានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទល់នឹងខេត្ដអ៊ូប៊ុន ប្រទេសថៃជាផ្លូវការ ។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ ដែលចូលរួមជួបពិភាក្សា ការងារជាមួយលោកស្រី យីងឡាក់នោះ ក៏បានបញ្ជាក់ផងដែរថា ភាគីថៃ នឹងធ្វើការដកកងទ័ពផងដែរ ជាមួយភាគីកម្ពុជា។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមកឈ្លានកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការ បេតិភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី ៣២ របស់អង្គការវប្បធម៌ពិភពលោក មួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពាន តំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបាន វាយមកលើកងទ័ពខ្មែរ នៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញ វត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។
ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិ បកស្រាយសាលក្រមតុលាការ ក្រុងឡាអេ ១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តី ប្រគល់ប្រាសាទព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំចេញពីបរិវេណ ប្រាសាទព្រះវិហាររបស់ខ្មែរ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com






ប្រភព៖ មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល


Related Posts Plugin for WordPress, Blogger...