ពិភព​តារា៖ រិ​ន សា​វ៉េ​ត ស្ងប់ស្ងាត់​តែ​បន្ត​កុងត្រា ​នៅ​ហង្ស​មាស​ទៀត


ភ្នំពេញ៖ តារាចម្រៀង ​ដែល​គេ​តម្រូវ​ឲ្យ​ច្រៀង​ តែ​បទ​មនោ​ស​ញ្ចោ​ត​នា និង​មិនសូវ​ល្បីល្បាញ​ ដូច​មិត្ត​រួម​អាជីព គឺ​លោក រិ​ន សា​វ៉េ​ត ដែល​បាន​ជ្រក​ក្រោម ​ទ្រនំ​ហង្ស​មាស​ ជា​យូរ​ឆ្នាំ​មកហើយ ពេលនេះ លោក​បាន​បន្ត​កុងត្រា ​ជាមួយ​ហង្ស​មាស​ទៀត បើទោះជា​កន្លងទៅ ស្ងប់ស្ងាត់ មិនសូវមាន​បទ​ថ្មី​ច្រៀង ​ក៏ដោយ។



មួយរយៈ​កន្លងមកនេះ គេ​មិនសូវ​ឃើញ​ បទថ្មីៗ របស់​តារាចម្រៀង​ មនោសញ្ចេតនា លោក រិ​ន សា​វ៉េ​ត ចេញលក់​នៅលើ ​ទីផ្សារ​នោះទេ ដែល​នាំ​ឲ្យ​លេចឮ ​ពាក្យ​ចចាមអារ៉ាម​ថា លោក រិ​ន សា​វ៉េ​ត អាច​នឹង​ដើរ​ចេញ ពី​រស្មី​ហង្ស​មាស ដូច​អតីត​តារា ​រួម​ក្រុម គឺ​លោក សុខ រក្សា ព្រោះតែ រិ​ន សា​វ៉េ​ត មិនមាន​បទ​ថ្មី​ ចេញ​សោះ ហាក់​ស្ងាត់ ​ដូច​ចោរលួច​សេះ ​អ៊ីចឹង។ ភាពស្ងប់ ស្ងាត់​នេះ​បណ្តាល ​ឲ្យ​គេ​សង្ស័យថា តារាចម្រៀង ​មនោសញ្ចេតនា​រូបនេះ អាច​ដើរ​ចេញពី ​ផលិតកម្ម​រស្មី​ហង្ស​មាស ទៅរក​ទ្រនំ​ថ្មី។

ទាក់ទិន​នឹង​ការលើកឡើង​ ខាងលើនេះ លោក រិ​ន សា​វ៉េ​ត ចេញមុខ​អះអាងថា លោក​មិន​បានចេញ​ទៅណា​ ចោល​ទ្រនំ​ហង្ស​មាស​ឡើយ បើទោះបីជា ​លោក​មិនសូវមាន​បទ​ថ្មី​ ចេញ​ក៏ដោយ។ លោក រិ​ន សា​វ៉េ​ត អះអាង​យ៉ាង​មុតមាំ​ថា “អ្នកណា​ថា? គ្មាន​រឿង​បែបនេះ​ទេ ខ្ញុំ​នៅតែ​ច្រៀង​ឱ្យ​ហង្ស​មាស​ដដែល។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិន​ត្រឹមតែ​មិន​ចាក​ចេញពី​ហង្ស​មាស​នោះទេ ខ្ញុំ​ថែមទាំង​បាន​បន្ត​ចុះ​កុងត្រា​ច្រៀង​ឱ្យ​ ហង្ស​មាស ៥ឆ្នាំ​បន្ថែម​ទៀតផង។ បើ​គិត​ទៅ ខ្ញុំ​ច្រៀង​ឲ្យ​ហង្ស​មាស ​ជិត៨ឆ្នាំ​មកហើយ ពោលគឺ តាំងពី​ឆ្នាំ២០០៤ មក​ម្ល៉េះ ”។
 

តារាចម្រៀង​ មិនសូវ​លេចមុខ​មាត់​ របស់​ហង្ស​មាស រូបនេះ បានបញ្ជាក់​ប្រាប់ថា “នៅពេលឆាប់ៗ ខាងមុខនេះ លោក​ត្រៀម​ចេញ ទៅ​ច្រៀង​នៅ ​ប្រទេស​កាណាដា ខ្ទង់៣ខែ ព្រោះ​តែមាន Sponsor ទាក់ទង​ មកហើយ។ លោក​ថា “ទន្ទឹមនឹង​ចេញ ទៅ​ច្រៀង​នៅ​ កាណាដា ខ្ញុំ​ក៏មាន​គម្រោង​ បន្តទៅ​ច្រៀង​នៅ​ អាមេរិក​ផងដែរ ដោយ​គេ​គ្រោង​យក​ខ្ញុំ​ ទៅ​ច្រៀង​នៅ​ ដើមឆ្នាំ​ក្រោយ ដែល​ត្រូវ​ច្រៀង​ដល់​ទៅ ៥២រដ្ឋ​ឯណោះ តែ​នេះ​ស្ថិតក្នុង ​គម្រោង ​នៅឡើយ។  កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក រិ​ន សា​វ៉េ​ត ធ្លាប់បាន​ចេញទៅ​ច្រៀង​ នៅ​ប្រទេស​បារាំង អូស្ត្រាលី និង​ប្រទេសជិតខាង មាន​ថៃ និង​វៀតណាម ជាដើម៕ 


ប្រភព៖ ថ្មីៗ

Related Posts Plugin for WordPress, Blogger...