តារា ចម្រៀងល្បីល្បាញ លោកខេមរៈ សិរីមន្ត នៅតែឈរក្នុងលំដាប់ ជាកំពូលតារាចម្រៀងខាងផ្នែកយុវវ័យ រហូតមកដល់ពេលនេះ។ ប៉ុន្តែកេរ្តិ៍ឈ្មោះ របស់លោក នៅមិនទាន់ស៊ីដាច់លោកព្រាប សុវត្ថិ នៅឡើយទេ។ អ្វីដែលលោកមិនអាចទាន់ លោកព្រាប សុវត្ថិ បានទៅទៀត គឺតម្លៃខ្លួនផ្ទាល់តែម្ដង បន្ទាប់ពីមានការទម្លាយថា លោកបានទទួលតែ ២ពាន់ដុល្លារ ដូចដើម ក្នុងពេល ដែលព្រាប សុវត្ថិ បានច្រើនជាងនេះ យ៉ាងហោចបីដង នៅគ្រប់វេទិកា ឡើងច្រៀង ដែលមានកំពូល តារាទាំងពីរ ចេញសម្ដែងរួមគ្នា។
ក្នុង
វេទិកាចេញច្រៀងឃោសនាឆ្នោតណាហ្គាវើល គេចាប់អារម្មណ៍ថា
តារាប្រុសល្បីល្បាញពីរដួងគឹលោកព្រាប សុវត្ថិ និងលោកខេមរៈ
សិរីមន្ត ប៉ះគ្នានៅលើវេទិកាតែមួយ។ ទោះលោកព្រាប សុវត្ថិ
ពូកែរាំធ្វើឲ្យកក្រើកឆាកគ្រប់ការប្រគំតន្ត្រី
ដែលគេបានសម្គាល់ឃើញនៅខេត្តព្រះសីហនុ
និងខេត្តបាត់ដំបងរួចទៅហើយ ប៉ុន្តែគេចាប់អារម្មណ៍ថា លោកខេមរៈ
សិរីមន្ត ក៏មានសន្ទុះគាំទ្រមិនចាញ់ខ្លាចាស់រូបនេះផងដែរ
ដោយសារតែលោកខេមរៈ សិរីមន្ត
មានការរៀបចំខ្លួនបានត្រូវចិត្តយុវវ័យ និងមានបទផ្ទុះ
ត្រូវចិត្តអ្នកគាំទ្រមិនចាញ់លោកព្រាប សុវត្ថិ។ ប៉ុន្តែដ្បិតថា
មើលសំបកក្រៅ តារាទាំងពីរ មានប្រជាប្រិយភាពប្រកៀកប្រកិតគ្នា
ប៉ុន្តែបើនិយាយពីតម្លៃខ្លួនវិញ
គឺពួកគេទទួលបានដាច់គ្នាឆ្ងាយណាស់។ ប្រភព ពីក្រុមហ៊ុនឆ្នោតណាហ្គាវើល បានខ្សឹបប្រាប់ខ្មែរហ្សូមថា លោកខេមរៈ សិរីមន្ត បានទទួលត្រឹមតែ២ពាន់ដុល្លារប៉ុណ្ណោះ ចំណែកលោកព្រាប សុវត្ថិវិញ គឺស៊ីថ្លៃណាស់ ដោយខុសគ្នាមួយជាពីរជាបីឯណោះ។ ទោះយ៉ាងណា ប្រភពនោះមិនទម្លាយឲ្យដឹងថា លោកព្រាប សុវត្ថិ ចុះច្រៀង និងចុះឃោសនាលក់ឆ្នោត ណាហ្គាវើលក្នុងមួយជើង ទទួលបានតម្លៃខ្លួនប៉ុន្មាន ពាន់ដុល្លារនោះទេ ខណៈដែលប្រភពនោះបានត្រឹមតែព្រលយថា មួយចប់យុទ្ធនាការឃោសនាឆ្នោត គឺលោកស៊ីថ្លៃរង្វង់៥ម៉ឺនដុល្លារ បូករួមទាំងថតស្ពតពាណិជ្ជកម្មផង។ តាមគម្រោងក្រៅពីចេញច្រៀងនៅភ្នំពេញជាមួយនាងឱក សុគន្ធកញ្ញា លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត រួមទាំងនាងសុគន្ធ និសាផង ត្រូវចេញច្រៀងតាមខេត្តចំនួន៤ទីតាំង គឺខេត្តព្រះសីហនុ ខេត្តបាត់ដំបង់ ខេត្តសៀមរាប និងខេត្តកំពង់ចាម ជាបន្តបន្ទាប់នៅរៀងរាល់ថ្ងៃសៅរ៍ លើកលែងតែនៅខេត្តកំពង់ចាមមួយ ដែលត្រូវចេញច្រៀងនៅថ្ងៃពុធ ទី១១កក្កដា នោះ។ ជាក់ស្ដែងការសម្ដែងពីរលើករួចមកហើយ នៅខេត្តព្រះសីហនុ និងបាត់ដំបង គឺឃើញថាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បានទទួលការគាំទ្រប្រហាក់ប្រហែលគ្នា។ តាមរយៈការសម្ដែងទាំង៤កន្លែងនេះ តំណាងក្រុមហ៊ុនឆ្នោតណាហ្គាវើល អះអាងថា លោកខេមរៈ សិរីមន្ត បានទទួលតែ២ពាន់ដុល្លារប៉ុណ្ណោះ ក្នុងមួយខេត្ត ដែលផ្ទុយពីលោកព្រាប សុវត្ថិ ដែលស៊ីដល់៥ម៉ឺនដុល្លារ ដោយលើសលោកខេមរៈ សិរីមន្ត ត្រឹមតែការថតស្ពត និងសកម្មភាពចេញច្រៀងនៅភ្នំពេញតែពីរបីដង។ ការទម្លាយចេញនេះមានន័យ ថ្វីដ្បិតតែមហាជនមើលឃើញលោកខេមរៈ សិរីមន្តខ្លាំង ហើយមើលទៅសន្ទុះគាំទ្ររបស់ពួកគេ មានកម្រិតស្ទើរតែប្រផិតប្រផើយគ្នាក្ដី ក៏ទីផ្សារតម្លៃខ្លួនរបស់តារាទាំងពីគឺដាច់គ្នាស្រឡះ។ ទោះយ៉ាងណា បើធៀបនឹងឱកាសចេញច្រៀងញឹកញាប់ គឺលោកព្រាប សុវត្ថិ មិនអាចដូចលោកខេមរៈ សិរីមន្ត ឡើយ ដោយសារតែតម្លៃខ្លួនរបស់លោកព្រាប សុវត្ថិ មានសន្ទុះខ្ពស់ខ្លាំងពេក ពិបាកឲ្យក្រុមហ៊ុនទាក់ទង។
លោក
ខេមរៈ សិរីមន្ត មិនបញ្ជាក់ពីតម្លៃខ្លួនឡើយ ប៉ុន្តែលោកអះអាងថា
សប្បាយចិត្តណាស់ ដែលបានរួមការងារជាមួយលោកព្រាប សុវត្ថិ
ក្នុងយុទ្ធនាការឃោសនាឆ្នោតណាហ្គាវើល បើទោះជាតម្លៃខ្លួន
រវាងលោក និងព្រាប សុវត្ថិ ត្រូវគេទម្លាយជាសាធារណៈ
ថាមានកម្រិតខុសគ្នាពីរបីភាគក្ដី។ អ្នករៀបចំកម្មវិធីនិយាយថា
ទោះជាលោកខេមរៈ សិរីមន្ត ខ្លាំង តែមិនអាចដំឡើងថ្លៃ
ឲ្យស្មើនឹងលោក ព្រាប សុវត្ថិ បានឡើយ ដោយសារតែក្រេឌីតរបស់លោកព្រាប
សុវត្ថិ មានកម្រិតខ្ពស់ជាង និងល្បីឈ្មោះយូរឆ្នាំជាង៕ ដោយ៖ តារារដ្ឋ



ប្រភព៖ ខ្មែរហ្សូម















