គូស្នេហ៍តារាចម្រៀងស័ក្តិសម ដែលពូកែលាក់រឿងស្នេហា ជាង១០ឆ្នាំមកហើយ គឺ កញ្ញាឆោម ឆពុំ និងលោក អ៊ុក ណារីម ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀបមង្គលការឱ្យ ដោយមានលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវធ្វើជាឪពុកម្តាយ ខណៈដែល លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ម៉ែន សំអន ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២៩ មិថុនា ២០១២ នៅផ្ទះលេខ២៩ ក្រុមទី១៨ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នៅវេលាម៉ោង ៦ព្រឹក គេសង្កេតឃើញ មានភ្ញៀវជាច្រើន ដែលមានឋានៈ បុណ្យស័ក្តិខ្ពង់ខ្ពស់ ជួបជុំគ្នា និងហែក្បួនលើកជំនួន ដោយខណៈនោះ កូនកំលោះអ៊ុក ណារីម បីផ្កាស្លា ដង្ហែចូលរោងការ ឯកូនក្រមុំឆោម ឆពុំ រង់ចាំទទួល ដោយមានលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជាមេបា។ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ម៉ែន សំអន និងលោកជំទាវ និងលោកស្រី ជាច្រើនរូប ក៏បានចូលរួមផងដែរ ។
លោកអ៊ុក ណារីម បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន ផ្តល់ពិធី អាពាហ៍ពិពាហ៍នេះ ដែលសម្តេចតែងតែមានព្រហ្មវិហារធម៌ សន្តោសប្រណី ដល់កូនចៅ ព្រោះលោក និងកញ្ញាឆោម ឆពុំ ក៏ជាកូនធម៌ របស់សម្តេច ដែរ។
លោកអ៊ុក ណារីម ត្រូវបានស្រង់សម្តីថា “មង្គលការខ្ញុំហ្នឹង គឺសម្តេចបានផ្តល់អ្វីៗ ទាំងអស់ ព្រោះតាមពិតទៅ ខ្ញុំនិងអនាគតភរិយា ត្រូវជាកូនធម៌ របស់សម្តេច អស់រយៈពេល ៦ឆ្នាំមកហើយ...។
ព័ត៌មានលំអិត នឹងផ្សាយជូននៅ លើទំព័រទស្សនាវដ្តី”អង្គរធំ” ដែលនឹងចេញផ្សាយ នៅព្រឹកថ្ងៃចន្ទ ខាងមុខនេះ៕
ប្រភព៖ អង្គរធំមេឌា















