ភ្នំពេញ៖ តារាចម្រៀង ដែលស្ថិតក្នុង ដួងចិត្តយុវវ័យ និងល្បីល្បាញប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហើបប្រាប់ ពីវិធីសាស្ត្រដែលឆ្ពោះទៅ ការគ្រប់គ្រង ភាពល្បីល្បាញ និងជោគជ័យ បានយូរ ដើម្បីទុកជាពិសោធមួយ សម្រាប់ជាប្រយោជន៍ ជាពិសេស សម្រាប់អ្នក ដែលអាជីព សិល្បៈដូចរូបលោក។
ជាតារាចម្រៀងម្នាក់ មុននឹងឈានទៅដល់ចំណុចកំពូលនោះ គឺផ្តើមចេញពីការខិតខំ និងការតស៊ូជំនះគ្រប់បញ្ហាដែលត្រូវឆ្លងកាត់នៅលើដំណើរនៃវិថី សិល្បៈ។ នេះជាសម្តីដែលតារាចម្រៀងល្បីប្រចាំរស្មីហង្សមាស គឺលោក ឆន សុវណ្ណរាជ បានលើកឡើង។ លោកបានឲ្យដឹងថា “មុននឹងខ្ញុំដើរដល់ចំណុចមួយដែលអាចនិយាយបានថា វាជាជោគជ័យក្នុងឆាកជីវិតសិល្បៈរបស់ខ្ញុំនោះ គឺអាស្រ័យដោយយើងត្រូវចេះរៀបចំចរិតលក្ខណៈឲ្យបានល្អ មិនវាយឫកពារឆ្មើងឆ្មៃដាក់ទស្សនិកជន ដែលគាត់ជាអ្នកគាំទ្រ និងជាអ្នកស្ទួយកេរ្តិ៍ឈ្មោះយើង និងត្រូវចេះគោរពពេលវេលាបានល្អ។ លើសពីនេះ ត្រូវចេះថែរក្សាសំឡេង និងសុខភាពខ្លួនឯង និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន មិនប្រព្រឹត្តអ្វីដែលនាំឲ្យប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ។
ទាក់ទិននឹងជីវិតឯកជន ឆន សុវណ្ណរាជ ក៏បានឲ្យដឹងដែរថា ក្នុងវ័យ២៧ ឆ្នាំ បើទោះបីជាកំពុងដើរលើផ្លូវមួយយ៉ាងជោគជ័យក្នុងជីវិតសិល្បៈ និងមុខជំនួញក៏ដោយ នៅពេលដែលសួរថា តើពេលណាទើប សុវណ្ណរាជ ជ្រើសរើសគូស្រករ? តើជាអ្នកសិល្បៈ ឬក្រៅសិល្បៈ? សុវណ្ណរាជ បានបញ្ញាក់យ៉ាងខ្លីថា “រឿងគូស្រករ ខ្ញុំនៅមិនទាន់គិតទេ ទុកពេលវេលាសាងប្រជាប្រិយភាពក្នុងវិស័យសិល្បៈសិន។ ហើយខ្ញុំមិនអាចកំណត់បានទេថា នារីដែលខ្ញុំត្រូវជ្រើសរើសជាគូអនាគតនោះ ជាមនុស្សក្នុងវិល្បៈ ឬក្រៅសិល្បៈទេ ហើយរិតតែមិនអាចកំណត់បានថា ឆ្នាំណា ដែលខ្ញុំត្រូវរកភរិយានោះដែរ។
រហូតមកដល់បច្ចុប្បន្ន មានរយៈកាល៧ ឆ្នាំហើយ ដែល ឆន សុវណ្ណរាជ បានក្លាយជាតារាចម្រៀងល្បីល្បាញម្នាក់ប្រចាំផលិតកម្មហង្សមាស។ នៅអំឡុងឆ្នាំ២០១២ នេះ បទល្បីៗ មួយចំនួនរបស់លោកដែលទទួលបានការនិយមគាំទ្រខ្លាំង មានដូចជាបទ “អូនទៅដោយសារបងដេញ” , “ស្រលាញ់គ្មានកំណត់ថ្ងៃបែក” និងបទ “ស្រលាញ់អូន៣៦៥ថ្ងៃ” ដែលច្រៀងឆ្លងឆ្លើយជាមួយ ពេជ្រ សោភា ជាដើម។ ឆន សុវណ្ណរាជ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ លោកមានបងប្អូន៨នាក់ ស្រី៦ ប្រុស២ លោកជាកូនទី៣៕
ប្រភព៖ ថ្មីៗ
















