បច្ចុប្បន្ន​ គេ​សង្កេត​​ឃើញ​​​​ថា​ យុវវ័យ​​​មួយ​ចំនួន​​ មាន​សង្សារ ​តែ​ម្នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ មិន​​មែន​មាន​​ សង្សារ​តែ​ម្នាក់ ​នោះ​​ទេ ដែល​អ្នក​ខ្លះ​ លើក​ឡើង​ថា​ ការ​មាន​ច្រើន​បែប​នេះ ​ដើម្បី​ទុក ​សឺគួរ​​។ ​​តើ​​ពិត​ជា​អីចឹង​មែនឬ​?


ឆ្លើយ​តប​ទៅ​នឹង​​ បញ្ហា​ខាង​លើ ​យុវជន​ ហ៊ឹម ចិត្រា និស្សិត​ឆ្នាំ​ទី ​០២​ ​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ​បាន​ឲ្យ​ដឹង​ថា​  ការមាន​​​សង្សារ​​ច្រើន ​ទុក​​​សឺគួរ​បែបនេះ ដោយសារតែ​យុវវ័យ​ឥឡូវ​មាន​ឱកាស​នៅ​ជួបជុំ​គ្នា​ច្រើន​ ជា​ពិសេស​គឺ​មាន​មនុស្ស​ស្រី​ស្អាត​ៗ​ច្រើន ងាយ​ស្រួល​ជ្រើសរើស​គ្នា​ទៅ​វិញ​ទៅ​មក។ យុវជន​ ម្នាក់​នេះ​​បន្ត​ថា​​ ទោះបី​ជា​មាន​សង្សារ​​ក៏​ដោយ​ បើ​មើល​ទៅ​ឃើញ​មាន​អ្នក​ផ្សេង​ស្អាត​ជាង​  គឺ​អាច​ទៅ​រក​អ្នក​ផ្សេង​​ទៀត​។  យុវជន ចិត្រា​ បាន​សង្កត់​ធ្ងន់​ថា ​”​ការ​ជ្រើសរើស​​​ដៃ​គូ​ច្រើន​​បែប​នេះ ​គឺ​បណ្ដាល​មក​ពី​ ភាព​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទើប​មាន​ការ​យក​សង្សារ​​​សឺគួរ​​ឲ្យ​ច្រើន​ ជៀសវាង​គេ​ក្បត់យើង​ឈឺចាប់ បាន​មួយទៀតមក​ជំនួស​ភ្លាម​”។
“​ភាពភ្លើតភ្លើន​ តែ​១​មុខ និងការចង់​សាក​ចង់​ដឹង នាំ​ឲ្យ​មាន​ច្រើន​អញ្ចឹង”។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ យុវជន​ ងន់ លឹមហាក់ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ យុវជន​ម្នាក់​​​នេះ​ បាន​ឲ្យ​ដឹង​ថា​ ​​​យុវវ័យ​​​មាន​សង្សារ​ច្រើន​ដើម្បី​ចង់ដឹងថា​ សប្បាយ​ប៉ុណ្ណា​ ហើយ​គេ​គិត​ថា ​គេ​មាន​ជម្រើស​ច្រើន​។​ មិន​ត្រឹម​តែ​ការ​សប្បាយ​ទេ ​ដែល​ជា​ហេតុ​​នាំ​ឲ្យ​យុវវ័យ​ធ្វើ​បែប​នេះ ​លុយ​និង​សម្ភារៈ​ក៏​ជា​គ្រឿង​ទាក់ទាញ​ផង​ដែរ​។  យុវជនម្នាក់នេះ​ បាន​បន្ថែម​ដូច្នេះថា​ “ខ្ញុំ​ធ្លាប់​ឃើញ​ មាន​អ្នក​ខ្លះ​ មាន​ដៃ​គូ​​សម​រម្យដែរ តែ​ពេល​ឃើញ​ម្នាក់​ទៀត​មាន​ឡាន​ជិះ​ទំនើប មាន​សម្ភារៈ​ល្អ​ៗ គឺ​ចោល​អ្នក​ចាស់​ភ្លាម​តែ​ម្ដង​ ដោយ​សារ​គេ​មាន​ជាង​សង្ហា​ជាង​”។
សម្រាប់​កញ្ញា​ គន្ធារ  និស្សិត​ឆ្នាំ​ទី​០២​ ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​បាន​ផ្ដល់​​ ​អត្ថន័យ​​​​ ពាក្យ​ថា​ ​​សង្សារ និង​ដៃគូ​ស្នេហា​ ​ថា​  សង្សារ​គឺ​មនុស្ស​ពី​រ​នាក់​ស្រឡាញ់​គ្នា ​ចិត្ត​ និង​ចិត្ត​ ​​គឺ​មិន​មាន​ស្រឡាញ់​​អ្នក​ផ្សេង​ដើម្បី​ទុក​សឺគួរ​នោះ​ទេ ​​  ប៉ុន្តែ​ចំណោះ​ ​ដៃគូ​ស្នេហា​​វិញ គឺ​​ស្វែង​រក​គ្នា​ដើម្បី​តែ​ក្ដី​សប្បាយ​ប៉ុណ្ណោះ​ ដូច្នេះ​​ហើយ​ទើប​មានការ​យក​ដៃ​គូ​ច្រើន​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ប្រពៃណី​​​​។
ចំពោះ​​សង្គម​ស៊ីវិលដែលធ្វើការស្និទ្ធជាមួយយុវជន លោក​ ម៉ាក់ ចំរើន ​ប្រធាន​សមាគម​យុវជន​ខ្មែរ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​​ថា ការ​ជ្រើសរើស​ដៃគូ​ច្រើន​ ដោយសារតែ​លំហូរ​ចូល​​​វប្បធម៌​ពី​បរទេស​ ហើយ​ពួក​គាត់​បាន​យក​មក​អនុវត្ត​ទាំងស្រុង​ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ វប្បធម៌​ខ្មែរ។​  កត្តា​មួយ​ទៀត​គឺ ​បច្ចេកវិទ្យា​ខ្ពស់​  ពួក​គាត់​អាច​​​មាន​ឱកាស​មើល​វីដេអូ​អាសអាភាស​ ហើយ​កើតមាន​ការ​ស្រើបស្រាល​ជា​ដើម​។ ម្យ៉ាងវិញ​ទៀត ​​ដោយសារ​ការ​លើក​កម្ពស់​សិទ្ធិ​​ក្នុង​ការ​ជ្រើសរើស​ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​គិត​ថា​ ពួកគាត់​មាន​សិទ្ធិ​​អាច​ជ្រើសរើស​បាន​តាម​ចិត្ត​ប្រាថ្នា​។ ប៉ុន្តែ​សម្រាប់​លោក​យល់​ថា យុវវ័យ​មិន​គួរ​មាន​សង្សារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ​ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួក​ខ្លួន ហើយ​បើ​ល្អ​កុំ​ទាន់​ប្រឡូក​​ឲ្យ​សោះ។
ចុះ​​មិត្ត​យុវវ័យ​វិញ​ គិត​ថា​ គួរ​មាន​ទុក​សឺគួរ​បែប​នេះ​ទេ?

អត្ថបទ៖ កង ចាន់​បញ្ញា (Sabay)