នាយក្រឹម តារាកំប្លែង ល្បីជាង៣ទសវត្ស មកហើយនោះ ពេលនេះ កំពុងប៉ះ ទៅនឹង ពាក្យចចាមអារ៉ាម ដែលគេនិយាយ ខ្សឹបខ្សៀវថា នាយកំពុងមាន ទំនាក់ទំនង ស្និទ្ធស្នាល ក្រៅឆាក ជាមួយតារាកំប្លែង ស្រីវ័យក្មេង រូបស្រស់ នាងព្រលិត ខណៈដែល មុននេះ នាយក្រឹម ក៏ធ្លាប់ ទទួលរងពាក្យលេចឮបែបនេះ ជាមួយអតីតកូនក្រុមកំប្លែង នាងផ្កាយ វរលក្ខណ៍ និងលន់ ដាណេ តែអ្នកទាំងសងខាង បានបដិសេធ។
នាងព្រលិត អត់ខ្វល់ពាក្យ ចចាមអារ៉ាមនេះទេ។ ចំណែកនាយក្រឹម បាននិយាយ ដោយសំណើច ថា ធម្មតាទេ ដើរហាលភ្លៀង ត្រូវតែ ទទឹកភ្លៀង អ៊ីចឹងហើយ...។
ព័ត៌មាន ដែលល្បីតៗគ្នាថា នាយក្រឹម មានស្នេហា ជាមួយនាងព្រលិត កំពុងតែរីកសាយភាយ ក្នុងសិល្បៈ ស្របពេល ដែលនាងព្រលិត កំពុងតែឡើងកូដ នៅក្នុងក្រុមនាយក្រឹម។
តាមពាក្យ លេចឮ ទាំងនេះ និយាយថា នាយក្រឹម ធ្លាប់ជិះឡាន តែ២នាក់នាងព្រលិត កណ្តាលរាត្រីស្ងាត់ ហើយ ប្រលែងគ្នាស្និទ្ធស្នាល ដូចគូស្នេហ៍ ទៀតផង ទើបគេ សង្ស័យថា ទំនាក់ទំនង ពួកគេ មិនធម្មតា ព្រោះតែ នាងព្រលិត មាន សម្រស់ គួរឱ្យបេតីណាស់ មិនថាតែ នាយក្រឹម ទេ សូម្បីតែប្រុសផ្សេង បានឃើញ ក៏ចង់ប៉ះអង្អែលសាច់ នាងដែរ...។
នៅពេលសាកសួរ ពីទំនាក់ទំនង ជាមួយនាយក្រឹម នាងព្រលិត ដែលមាន ឈ្មោះដើមថា គង់ ច័ន្ទស៊ីណា បាននិយាយ មួយៗថា “ពូក្រឹម គាត់ល្អនឹងខ្ញុំណាស់! ខ្ញុំក៏ឮតែ គេនិយាយថា ខ្ញុំនិងគាត់ (នាយក្រឹម) ហ្នឹង មានស្អី ជាមួយគ្នាដែរ តែខ្ញុំនិយាយថា អត់ខ្វល់ទេ អ្នកណាថាអី ថាចុះ! ព្រោះខ្ញុំ មិនអាច ហាមឃាត់ គេបានទេ តែមនុស្សយើង សំខាន់នៅលើ ខ្លួនឯងទេ អ្នកដទៃខ្លះ គេស្រលាញ់ គេនិយាយ ល្អពីយើង បើគេស្អប់ គេនិយាយអាក្រក់ អ៊ីចឹងទៅ”។
នៅពេល សាកសួរនាយក្រឹម ពីរឿងគេថា លោក មានស្នេហា ជាមួយនាងព្រលិត នាយក្រឹម បានផ្ទុះសំណើច កក្អឹក ហាក់គ្មានខ្វល់ខ្វាយពី រឿងខ្លាច ប្រពន្ធប្រចណ្ឌឡើយ។ នាយក្រឹម បាននិយាយថា “អ៊ូយ! អាអូនអើយ បងគិតថា ដើរហាលភ្លៀង តែងតែត្រូវភ្លៀងអ៊ីចឹងហើយ! បង មិនដឹងថាម៉េចទេ ស្រេចតែគេថាចុះ! ហើយធ្វើម៉េចបើលេងក្នុងក្រុមជាមួយគ្នា មានពេលខ្លះ ត្រូវតែជិះឡាន ទៅលេងអ៊ីចឹងហើយ (សើច)”។ នាយក្រឹម បន្តថា “បងមិនខឹងទេអូន! ហើយក៏ អត់ភ័យ គេនិយាយរឿងបង និងអាព្រលិត ដែរ តែការពិត នៅតែជា ការពិតដដែល”។
មុននឹងប៉ះរឿង លេចឮថា មានស្នេហាលួចលាក់ជាមួយព្រលិត នេះ នាយក្រឹម តារាកំប្លែងល្បី ធ្លាប់បានប៉ះទៅនឹង ពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងខុសធម្មតាជាមួយកូនក្រុម មាននាងផ្កាយ វរលក្ខណ៍ និងលន់ ដាណេ តែពេល ត្រូវសាកសួរ ទាំងសងខាង បានបដិសេធ ហើយឥឡូវមកប៉ះជាមួយនាងព្រលិត ដែលមានសម្រស់ស្អាត មិនចាញ់ កូនក្រុមមុនៗ ដែលពេលល្បី រត់ចោលនាយក្រឹម អស់។
គង់ ច័ន្ទស៊ីណា ហៅនាងព្រលិត បានបញ្ជាក់ថា “មេខ្ញុំ ពូក្រឹម គាត់ល្អណាស់! ជួយខ្ញុំច្រើនមែន ១ឆ្នាំនេះ ស្ទើរតែ ខ្ញុំមិននឹកស្មានដល់ឡើយ។ ពីមុន ខ្ញុំមានទៅចេះលេងកំប្លែងហ្នឹងមកពីណា តែគាត់ជួយបណ្តុះបណ្តាលតែម្តង។ ខ្ញុំជួបគាត់ នៅឯខេត្តកំពង់ឆ្នាំង ថ្ងៃឆ្លងឆ្នាំសកល កាលពីឆ្នាំ២០១០ ពូក្រឹម ធ្វើឱ្យខ្ញុំមានជីវភាពធូរធារច្រើន ដោយពេលនេះ ខ្ញុំមានឈ្មោះ មានលុយចាយ ឡានជិះ តាមរយៈកំប្លែង ហើយតាមពិត ខ្ញុំស្រលាញ់គ្រប់ផ្នែក ខាងសិល្បៈ ដល់ពេលជួបពូក្រឹម ក៏បានធ្វើជាអ្នកកំប្លែងជាមួយគាត់ ដោយពេលនេះ ខ្ញុំថតជាខ្សែរឿងកំប្លែងខ្លីៗ បាន៧-៨រឿងហើយ តែរឿងដែលល្បីជាងគេ គឺរឿង “នាងព្រលិត” ហើយខ្ញុំជាប់ឈ្មោះនេះរហូត និងអត់ខឹង គេហៅខ្ញុំ ថា “ព្រលិត” ហ្នឹង ព្រោះតែមកពី គេចាប់អារម្មណ៍ យើង បានជា បងប្អូនគាត់ ចាំឈ្មោះ ខ្ញុំនេះ”។
នាយក្រឹម មានឈ្មោះដើមថា អ៊ូ ប៊ុណ្ណារ៉ាត់ បានប្រឡូកក្នុង អាជីពសិល្បៈកំប្លែង ៣០ឆ្នាំមកហើយ (តាំងពីឆ្នាំ១៩៨២) ដោយធ្លាប់ល្បីល្បាញលេខ១ ឈរលើគេ កាលពីប៉ុន្មានឆ្នាំមុន តែពេលនេះ ក្រុមនាយកុយ និងពែរមី បានអុកឡុកដណ្តើមទីផ្សារ ធ្វើឱ្យមានការប្រកួតប្រជែងខ្លាំងឡើង។
លោកអ៊ូ ប៊ុណ្ណារ៉ាត់ បានប្រាប់ទៀតថា “ខ្ញុំជួបនាងព្រលិតហ្នឹង ដោយចៃដន្យទេ ហើយគិតថា គេមាននិស្ស័យ លេងបាន ទើបយកមក បណ្តុះបណ្តាល ក៏លេងបានមែន។ ឥឡូវ នាងព្រលិត ចេះតែល្បី ទៅមុខទៀតហើយ សង្ឃឹមថា ថ្ងៃក្រោយ កាន់តែល្បីជាងនេះទៀត”៕
ប្រភព៖ អង្គរធំមេឌា
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :

















